ជីវប្រវត្តិ និងការស្លាប់របស់លោក ឡាំ ជីងយីង (គ្រូម៉ៅចាប់ខ្មោច)Lam Ching Ying

ជីវីតការងារ-------
លោក ឡំា ជីងយីង រឺក៏ប្រិយមិត្តជាច្រើនតែងតែស្គាល់ថាជា​ លោកគ្រូម៉ៅចាប់ខ្មោចនោះ គឺជាតារាដ៏ល្បីមួយរូបរបស់ហុងកុង ក្នុងអំឡុងទសវត្សន៍ទី80និង90 ។​

លោក ឡាំង ជីងយីង ដែលមានឈ្មោះដើមថា ឡាំ ហ្គាន់បូ បានកើតនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ1952 ដែលត្រូវនឹងឆ្នាំរោង នៅក្នុងទីក្រុងហុងកុងប្រទេសចិន ។ លោកគឺជាកូនទី៣ ក្នុងចំណោមកូន៦នាក់់ដែលឳពុកម្តាយរបស់លោក មានមុខរបរជា អ្នកទទួលសាវ៉ាកម្មឲ្យចំណីសត្វ ដែលមុខរបរនេះមិនអាចជួយទ្រទ្រង់ជីវភាពគ្រួសាររបស់លោកបាននោះទេ ។
លោកបានចូលរៀននៅសាលាស៊ុនយី ក្នុងទីក្រុងហុងកុង តែក៏បានឈប់ក្រោយពីរៀនបាន២ឆ្នាំ ក្រោយមកឳពុករបស់លោក បានបញ្ជូនលោកទៅចូលរួមហ្វឹកហាត់ផ្នែកសិល្បៈនៅសាលាជុនចាវ ដោយរៀនផ្នែកសិល្បៈ Peking Opera ក្រោមការដឹកនាំបង្ហាត់ដោយអ្នកស្រី Madame Fan Fok Fa.
ដោយសារតែមានរៀងកាយតូចស្តើង លោកឡាំ តែងតែត្រូវបានចាត់ឲ្យសម្តែងជាតួអង្គស្រី ឬក៏ដើរតួ ជំនួសតួរស្រីផ្សេងទៀត​ ហើយលោកធ្វើការងារនេះបានយ៉ាងល្អ ។ ទោះជាធ្វើការងារបានល្អយ៉ាងណាក្តី កុមារា ឡាំជីងយីង ត្រូវបានគេរិះគន់ថាជាក្មេងចិត្តឆេវឆាវ និងមិនចេះគោរពអ្នកដទៃ ។
បន្ទាប់ពីទទួលបានការហ្វឹកហាត់អស់រយៈត្រឹមតែ៦ខែប៉ុណ្ណោះ លោកឡាំំត្រូវបានអ្នកស្រីMadame អនុញ្ញាតិឲ្យឡើងសម្តែងលើឆាក ដែលនោះគឺជាឧិកាសបង្ហាញខ្លួនជូនសាធារណៈជនជាលើកដំបូង របស់លោក ការសម្តែងដំបូងនោះ មានចំណងជើងថា White Beach ដោយការសម្តែងទទួលបានការ ចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ផងដែរ ។ ប៉ុន្តែអាជីបជាអ្នកសម្តែងល្ខោនOperaរបស់លោក មានរយៈពេលតែ5ឆ្នាំប៉ុណ្ណោះ ព្រោះថាល្ខោនOpera ចាប់ផ្តើមធ្លាក់ប្រជាប្រិយភាពបន្តិចម្តងៗ ដែលជាហេតុធ្វើឲលោក បែរមកចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តម្តង ។
ចូលដល់វ័យ17ឆ្នាំ លោកឡាំបានក្លាយទៅជាតួរអង្គជំនួស ឬStuntman និងជាអ្នកបង្ហាត់ក្បាច់គុណ នៅShaw Brothers Studio ផងដែរ ។ ព្រោះតែមានរៀងកាយដូចស្រី លោកនៅតែត្រូវអ្នកដឹកនាំ ចាត់ឲ្យលោកសម្តែងជំនួសតួរអង្គស្រីដូចកាលដែលលោកនៅក្រុមល្ខោនPeking Opera ដោយ លោកទទួលបានទឹកប្រាក់60ដុល្លារហុងកុងក្នុងមួយថ្ងៃ ។

ក្នុងចំនួនទឹកប្រាក់60ដុល្លារ លោកបានផ្តល់ឲ្យឳពុកម្តាយរបស់ចំនួន20ដុល្លារ សល់ពីនោះ លោកទុកប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ទិញនំចំំណីឲ្យប្អូនៗរបស់លោក ដោយបានបញ្ជាក់ការធ្វើបែបនេះ គឺធ្វើឲ្យលោករីករាយខ្លាំងណាស់ ក្នុងជីវិត ។
លោកឡាំ​ ជីងយីង ធ្លាប់បានល្បីថា លោកព្យាយាមប្រកួតជាមួយលោកលីស៊ាវឡុង ឬBruce Lee នៅក្នុងបន្ទប់សណ្ឋាគារមួយ ព្រោះតែលោកមិនជឿថា Bruce Lee ខ្លាំងដូចដែលគេគ្រប់គ្រាទទួលស្គាល់ ជាអកុសលត្រូវបានលោក Bruce Lee វាយធ្លាយចេញ ទ្វារបន្ទប់ ទើបលោកទទួលស្គាល់ Bruce Lee ជាអ្នកខ្លាំងពិត ហើយលោកក៏ធ្វើជាជំនួយការរបស់លោក Bruce Lee ដោយការណោះ ក្នុងអំឡុងឆ្នាំ1971  លោកទើបតែមានវ័យ19ប៉ុណ្ណោះ ។  ចាប់ពីពេលនោះមក លោកឡាំបានចាប់ផ្តើមការងារជាមួយលោក Bruce Lee ក្នុងការផលិតភាពយន្តមួយចំនួនដូចជា រឿង The Big Boss, Fist Of Fury, Enter The Dragon Return of The Dragon និងរឿង Game of Death ។ ក្នុងភាពជាយុវវ័យ លោកឡាំហាក់ដូចជាមានចិត្តឆេវឆាវ​ច្រើន ហើយតែងតែមានការប៉ះទង្គិចវាយគា្នជាមួយអ្នកដទៃ ពោល គឺក្នុងពេលថតរឿង The Big Boss លោកឡាំបានឈ្លោះប្រកែកនិងវាយគ្នា ជាមួយគេ ហើយត្រូវបានប៉ូលីសចាប់ខ្លួន តែក៏ត្រូវបានលោក Bruce Lee ធានាខ្លួនចេញមកវិញ ។

លោក Bruce Lee និងលោក ឡាំជីងយីង ពិតជាមានទំនាក់ទំនងល្អរវាងគ្នា ព្រោះលោកឡាំបានជួយការងារលោក Lee ជាច្រើន ។​ នៅពេលដែលលោក Bruce Lee ស្លាប់ លោកឡាំក៏បាត់បង់ការងារទាំងនោះ ក្រោយមកលោកក៏ចូលរួមក្នុងសមាគមន៍ Stuntman មួយដែលមានឈ្មោះថា​​ Hung Kar Pan ​។ 
ចូលមកដល់ទសវត្សន៍ ឆ្នាំ1980s លោកឡាំទទួលបានមុខងារជាជំនួយការអ្នកដឹកនាំរឿង ហើយក៏បានក្លាយដៃស្តាំរប់សលោក Sammo នៅក្នុងក្រុម Stunt នោះផងដែរ។
ភាពបិនប្រសបក្នុងការសម្តែងរបស់លោក ត្រូវបានបង្ហាញនៅក្នុងរឿង The Magnificent Butcher ដែលលោកបានសម្តែងវាយតប់ប្រឆាំងជាមួយនឹងលោក Yeun Biao.
នៅក្នុងឆ្នាំ1982 លោកឡាំបានឈ្នះពានរង្វាន់Hong Kong Film Award ជាអ្នកដឹកនាំ ជាដូចជាអ្នកក្នុងឈុតឆាកវាយតប់ នៅក្នុងរឿង Prodigal Son (កូនប្រុសបំផ្លាញ)
នៅក្នុងរឿងនេះ បានបង្ហាញពីភាពអស្ចារ្យនៃក្បាច់គុណ Wing Chun ដែលលោកឡាំបានបញ្ចេញជាមួយនឹងតារាវាយតប់ផ្សេងទៀត ដូចជា Sammo Hung, Yeun Biao, និងLeung Yee Tai. 
លោក ឡាំជីងយីង ឬលោកគ្រូឡាំ បានចាប់ផ្តើមសម្តែងជាតួរអង្គគ្រូចាប់ខ្មោចដំបូង ក្នុងរឿង The Dead and The Deadly ក្នុងឆ្នាំ 1983 ប៉ុន្តែរឿងនេះ មិនទាន់អាចធ្វើឲ្យលោកល្បីនៅឡើយ រហូតមកដល់ឆ្នាំ1985 ទើបកេរ្តិឈ្មោះលោកចាប់ផ្តើមរុនទឺ ដោយកាលណោះ លោកបានសម្តែងជាតួអង្គគ្រូចាប់ខ្មោច ក្នុងរឿងMr. Vampire ឬខ្មោចជញ្ជក់ឈាម ។ លោកគ្រូឡាំ​ ទទួលបានភាពធ្លោយ៉ាងខ្លាំង ក្នុងតួរអង្គជាគ្រូចាប់ខ្មោច ដែលតួអង្គមួយនេះ បំពេញតួរនាទីជាអ្នកស្រលាញ់ភាពទៀងត្រង់ និងការតស៊ូ ដែលតួរនាទីមួយនេះធ្វើឲ្យអ្នកទស្សនាពេញពេញថ្លើមមែនទែន ដោយហេតុនេះទើបធ្វើឲ្យលោកឡាំ ចាប់សម្តែងជាតួរលោកគ្រូចាប់ខ្មោចនេះ ម្តងហើយម្តងទៀត ។
មកដល់ឆ្នាំ1986 លោកគ្រូឡាំ បានចូលសម្តែងជាគ្រូចាប់ខ្មោចម្តងទៀត ក្នុងរឿង Mr. Vampire II និងនៅឆ្នាំ1987 រឿងMr. Vampire III ត្រូវបានផលិតឡើង ក្រោមថ្វីដៃដ៏ល្បីល្បាញរបស់លោកគ្រូឡាំជីងយីង ។
ខាងក្រោមនេះគឺជារឿងដែលលោកឡាំ​ បានចូលរួមសម្តែងៈ
-The Return of Pom Pom (1984)
-Mr. Vampire (1985)
-Mr. Vampire II (1986)
-Mr. Vampire III(1987)
-School on Fire (1988)
-Painted Faces (1988)
-Her Vengeance (1988)
-Vampire Vs Vampire (1989)
-Magic Cop (1990)
-Encounters of the Spooky Kind II(1990)

លោកគ្រូឡាំ មានសមត្ថភាពសម្តែង បូករួមជាមួយនឹងក្បាច់គុណកុងហ្វូដ៏បិនប្រសព្វរបស់លោក ទើបធ្វើឲ្យលោកល្បីឈ្មោះបោះសម្លេងពេញក្នុងវិស័យភាពយន្តចិន ។ នៅឆ្នាំ1989 លោកឡាំជីងយីង បានចេញដឹកនាំរឿងជាលើកដំបូង ដែលរឿងនោះមានចំណងជើងថា Vampire Vs Vampire គឺ ខ្មោចឆៅប្រយុទ្ធនឹងខ្មោចឆៅ ។ ក្នុងរឿងនេះលោកសម្តែងជាលោកគ្រូចិញ្ចើមវែង រួមជាមួយនឹងកូនសិស្សកំហូច2នាក់ គឺChin Siu Ho និង Liu Fong នៅក្នុងរឿងនេះ លោកមិនបានទទួលកម្រៃពីការដឹកនាំនោះទេ ព្រោះតែក្រុមហ៊ុនខ្វះខាតថវិកា ហើយរឿង Vampire Vs Vampire នេះទៀតសោត ក៏មិនទទួលបានការគាំទ្រខ្លាំងណាស់ដែរ ។

បរាជ័យមួយនេះ មិនអាចបញ្ឈប់លោកបានទេ ពោលគឺមកដល់ឆ្នាំ1990 លោកឡាំបានតាំងខ្លួនជាផលិតករ មួយរូបនឹងបានផលិតរឿង The Magic Cop ឬប៉ូលីសវេទមន្ត ដែលរឿងនេះ ត្រូវបានចំណាយថវិកាតិចតួច និងថ្បិតធ្បាតបំផុត ក្នុងការចំណាយ ។​ លោកគ្រូយីង ឬលោកគ្រូឡាំ បានខិតខំអស់កំឡាំងកាយចិត្ត ដោយដឹកនាំខ្លួនឯង និងសម្តែងខ្លួនឯង ។
ស្នាដៃផ្សេងទៀត របស់លោក ក្នុងទសវត្សន៍90នេះ រួមមាន៖
-Crazy Safari (1991)
-An Eternal Combat (1991)
-The Ultimate Vampire (1991)
-Spiritual Trinity (1991)
-Mad Mad Ghost (1992)
-Banana Spirit (1992)
-Pom Pom and Hot Hot (1992)
-Lover’s Tear (1992)

នៅក្នុងឆ្នាំ1995 ទីផ្សាភាពយន្តបានធ្លាក់ចុះយ៉ាងគំហ៊ុក​ ការផលិតកុនរបស់លោកក៏ត្រូវបានផ្អាក លោកឡាំក៏ត្រូវបានទូរទស្សន៍ATV អញ្ជើញឲ្យចូលរួមសម្តែងភាពយន្តភាគ ដែលមានឈ្មោះថា Vampire Expert អ្នកជំនាញខាងចាប់ខ្មោចឆៅ ដោយលោកទទួលបានប្រាក់ចំណូលមួយលានដុល្លារហុងកុង ដែលវាពិតខុសគ្នាឆ្ងាយខ្លាំងណាស់បើប្រៀបធៀបទៅនឹងប្រាក់ចំណូលលើកដំបូងរបស់លោក ដែលមានត្រឹមតែ60ដុល្លារហុងកុងប៉ុណ្ណោះ ។
កុនភាគមួយនេះ បានជួយឲ្យលោកឡាំជោគជ័យសារជាថ្មីក្នុងអាជីបជាតារាសម្តែង ដោយក្នុងរឿងនេះ លោកសម្តែងជាតួអង្គ បង្រ្កាបខ្មោចឆៅនិងជួយប្រជារាស្រ្ត ។
មកដល់ឆ្នាំ1996 រឿងភាគVampire Expert ទី២របស់លោកត្រូវបានផលិត ដោយស្នាដៃនេះ ទទួលបានការគាំទ្រ ពាសពេញផ្ទៃប្រទេស ។
នៅឆ្នាំ1997 រឿងVampire Expert III ត្រូវរៀបចំ​ត្រៀមផលិត តែជាអកុសល លោកឡាំបានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បាត់បង់ជីវិត ដោយជំងឺមហារីកថ្លើម ។ 
ជីវិតអាពាហ៍ពិពាហ៍
លោកឡាំ ជីងយីង បានរៀបការជាមួយនារីម្នាក់ឈ្មោះ Cheng Bing Bing នៅក្នុងឆ្នាំ 1983 ពួកគេមានកូនពីរនាក់ ស្រីមួយប្រុសមួយ ។ ហើយក៏បានលែងលះគ្នាក្នុងឆ្នាំ1988 ដោយកូនទាំងពីរ ត្រូវបានប្រគល់ជូនលោកឡាំជាអ្នកចញ្ចឹម ហើយលោកក៏បានបញ្ជូនកូនទាំងពីរទៅសិក្សានៅសហរដ្ឋអាមេរិក ។ ក្នុងកំឡុងពេលថតរឿង Vampire Expert លោកឡាំបានមានទំនាក់ទំនងស្នេហាជាមួយដៃគូសម្តែងរបស់លោក គឺអ្នកនាងYeun ប៉ុន្តែស្នេហាមួយនេះ មិនបានប៉ុន្មានផងក៏ត្រូវបែកបាក់ទៅវិញ ហើយមូលហេតុនៃការបែកបាក់នេះ គឺព្រោះតែលោក ចាប់ដឹងថាខ្លួនមានជំងឺដែលមិនអាចរស់នៅបន្តទៀតបាន ។ បន្ទាប់មកលោកក៏រើចេញទៅនៅជាមួយប្អូនស្រីរបស់លោក អ្នកស្រីបាននិយាយរៀបរាប់ថា ៖

 ជាការពិត គាត់មានជម្ងឺធ្ងន់ធ្ងរ ប៉ុន្តែគាត់មិនចង់ឲ្យលំបាកអ្នកនៅជុំវីញខ្លួនគាត់នោះទេ​ ដូច្នេះទើបគាត់សម្រេចចិត្តផ្លាស់ទៅកន្លែងមួយដែលគ្មានអ្នករកគាត់ឃើញ មុនពេលគាត់ចាកចេញ គាត់បាននិយាយថា គាត់មិនអាចនៅជិតខ្ញុំបានទៀតទេ គាត់ឲ្យខ្ញុំថែរក្សាខ្លួន ខ្ញុំពិតជាមិនចង់ឲ្យគាត់ទៅទេ ប៉ុន្តែខ្ញុំគោរពនូវការសម្រេចចិត្តរបស់គាត់ អ្វីដែលគាត់សម្រេចហើយ មិនអាចមានអ្នកណាមករារាំងគាត់បានទេ ហើយគាត់បានហាមខ្ញុំមិនឲ្យទៅជួបគាត់ទៀត​ទេ ព្រោះគាត់ដឹងថាបើខ្ញុំឃើញគាត់បែបនេះ ខ្ញុំនឹងឈឺចាប់កាន់តែខ្លាំង ។
ស្ថានភាពជម្ងឺ
នៅពាក់កណ្តាលឆ្នាំ1997 លោកឡាំ បានទៅធ្វើការពិនិត្យជម្ងឺជាច្រើនលើកច្រើនសារនៅមន្ទីរពេទ្យ ដោយលទ្ធផលបញ្ជាក់ច្បាស់ថា លោកមានជម្ងឺមហារីកថ្លើម ហើយចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ​ដើម្បីទទួលការព្យាបាល ប៉ុន្តែគាត់បានទាមទាចេញចាកចេញពីមន្ទីរពេទ្យ ដើម្បីទៅបញ្ចប់ការងាររបស់គាត់ ។ មិត្តភក្រ្ត័ជាច្រើនបានទូរសព្ទ័មកសួរលោកពីជម្ងឺ តែគាត់ប្រាប់មិត្តគាត់ថា វាជាពាក្យមិនពិត ។គាត់បានហាមដល់ក្រុមគ្រួសាររបស់​ មិនឲ្យនិយាយពីជំងឺរបស់គាត់ប្រាប់អ្នកណានោះទេ ប៉ុន្តែមិត្តរួមការងាររបស់គាត់បានកត់សម្គាល់ថាគាត់ពិតជាឈឺ តែពួកគេមិនហ៊ាននិយាយ​ ។ លោក Chin kar Lok បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថា ៖ នៅពេល មួយនោះ ខ្ញុំត្រូវបានគេតម្រូវឲ្យលោតពីលើ ពីជាន់ទី២មកជាន់ទី ព្រមទាំងឆ្លងកាត់ជញ្ជាំងកញ្ចក់ផងខ្ញុំភ័យណាស់ ប៉ុន្តែលោកឡាំ បានទទួលការងារមួយជំនួសខ្ញុំ ពេលដែលសម្តែងហើយ ខ្ញុំឃើញគាត់ឈឺចាប់ខ្លាំងណាស់ គាត់គឺជាវិរបុរសរបស់ខ្ញុំ ខ្ញុំពិតជានឹកគាត់ខ្លាំងណាស់ ។
 ជីវិតចុងក្រោយ
មុនពេលស្លាប់ ពីរសប្តាហ៍ លោកឡាំជីងយីង បានសុំចែកផ្លូវពីមិត្តស្រីគឺអ្នកនាង Kingdom Yeun ហើយបានរើទៅនៅផ្ទះប្អូនស្រីរបស់លោក គាត់បានគេចមិនឲ្យមិត្តភក្រ្ត័សួរសុខទុក្ខ សូម្បីតែកូនទាំងពីររបស់លោក ក៏លោកមិនអនុញាតិឲ្យឃើញមុខលោកដែរ ។ ចូលដល់ខែវិចិ្ឆកា លោកឡាំបានសន្លប់បាត់ស្មារតីជាច្រើនដង ហើយគ្រួសាររបស់លោកបានបញ្ជូនលោកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែស្ថាភាពជម្ងឺរបស់លោកកាន់តែដុនដាបទៅ លោកឡាំ ជីងយីង ដែលមានឈ្មោះដើមថា  ឡាំ ហ្គាន់បូ បានទទួលមរណៈភាពនៅ ម៉ោង1230នាទី ថ្ងៃទី08 ខែវិច្ឆកា ឆ្នាំ1997 នៅមន្ទីរពេទ្យ កៅលុន ទីក្រុងហុងកុង ក្នុងវ័យ44ឆ្នាំដោយ​ ជម្ងឺមហារីកថ្លើម ៕ 

ប្រភព៖ Wikipidia

ទស្សនាវីដែអូអធិប្បាយខាងក្រោម

ប្រវត្តិ​ និងជីវិតចុងក្រោយរបស់លោក ស៊ីង ហ្វុយអន

ជីវប្រវត្តិ លោក ឈឹង​ គុយអាន់ ឬ ស៊ីង ហ្វុយអន បានកើតនៅថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 1955 នៅក្នុងទឹកដីទីក្រុងហុងកុង​ ដែលលោកគឺជាកូនទី 4 ក្នុងចំណោ...